ពត៌មាន

មោទនភាពជាតិ! ធុរកិច្ចថ្មីឌីជីថលកម្ពុជា «CheckinMe» ឈ្នះជ័យលាភីកំពូលទាំង៣ (Top 3) ក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

ចុះផ្សាយនៅថ្ងៃ៖​​ 19/06/2026

អត្ថបទដោយ៖ You Sokneang
មោទនភាពជាតិ! ធុរកិច្ចថ្មីឌីជីថលកម្ពុជា «CheckinMe» ឈ្នះជ័យលាភីកំពូលទាំង៣ (Top 3) ក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន

ធុរកិច្ចថ្មីឌីជីថលឆ្នើមរបស់កម្ពុជា «CheckinMe» បានសាងសមិទ្ធផលយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ ដោយដណ្តើមបានជ័យលាភីកំពូលទាំង៣ (Top 3) នៅក្នុងកម្មវិធីសហគ្រិនវ័យក្មេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (JCI ASPAC Niigata 2026) នៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ព្រមទាំងត្រូវបានគណៈកម្មការជ្រើសរើសឱ្យបន្តទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ CheckinMe គឺជាសហគ្រាសបច្ចេកវិទ្យាបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងទទួលបានការគាំទ្រពេញទំហឹងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលផ្តល់នូវដំណោះស្រាយឌីជីថល (Digital Solution) យ៉ាងមានប្រសិទ្ធភាពខ្ពស់សម្រាប់ម្ចាស់អាជីវកម្ម តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មលើការងារសំខាន់ៗដូចជាការគ្រប់គ្រងវត្តមានបុគ្គលិក (Attendance Management) ការគណនាប្រាក់បៀវត្ស (Payroll) និងការតាមដានក្រុមការងារលក់ខាងក្រៅ (Field Sales Tracking)។

មុននឹងឈានជើងទៅដណ្តើមពានរង្វាន់អន្តរជាតិនេះ ធុរកិច្ចថ្មីឌីជីថលឈានមុខគេមួយនេះក៏ធ្លាប់បានឈ្នះ «ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ២០២២» នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា (Cambodia Digital Awards) ផងដែរ ដែលស្នាដៃដ៏អស្ចារ្យនាពេលនេះមិនត្រឹមតែបង្ហាញពីសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់របស់យុវជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនយ៉ាងរហ័សនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីបច្ចេកវិទ្យា (Startup Ecosystem) នៅក្នុងប្រទេសកម្ពុជាឱ្យពិភពលោកបានឃើញកាន់តែច្បាស់។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)