ពត៌មាន

ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក យាងទតភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងសិប្បកម្មហត្ថកម្មខ្មែរ ទាំងសម្តែងព្រះរាជហឫទ័យកោតសរសើរយ៉ាងក្រៃលែង

ចុះផ្សាយនៅថ្ងៃ៖​​ 24/06/2026

អត្ថបទដោយ៖ You Sokneang
ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក យាងទតភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត និងសិប្បកម្មហត្ថកម្មខ្មែរ ទាំងសម្តែងព្រះរាជហឫទ័យកោតសរសើរយ៉ាងក្រៃលែង

សៀមរាប៖ មរតកវប្បធម៌ និងភាពអច្ឆរិយៈនៃសម្បត្តិបេតិកភណ្ឌដ៏ចំណាស់របស់ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តរក្សាបាននូវភាពទាក់ទាញ ញ៉ាំងឱ្យពិភពលោកទាំងមូលកើតសេចក្តីកោតស្ញប់ស្ញែង និងលង់ស្នេហ៍មិនចេះរីងស្ងួត។

ជាក់ស្តែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអមដំណើរព្រះអង្គម្ចាស់ក្សត្រី Benedikte Astrid Ingeborg Ingrid នៃព្រះរាជាណាចក្រដាណឺម៉ាក យាងទស្សនាដងវិថីវប្បធម៌ដ៏រុងរឿងនៅក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។

ក្នុងព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក បានយាងទៅទតភាពអច្ឆរិយៈ និងភាពអស្ចារ្យមិនអាចកាត់ថ្លៃបាននៃប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការ UNESCO។ ព្រះអង្គម្ចាស់ក្សត្រី បានសព្វព្រះរាជហឫទ័យ និងមានព្រះបន្ទូលកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសំណង់ស្ថាបត្យកម្មដ៏កំពូល និងតម្លៃវប្បធម៌ដ៏វិសេសវិសាលនៃប្រាសាទអង្គរវត្ត ដែលសក្តិសមជាមរតកដ៏មានតម្លៃសម្រាប់កម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល។

ក្រៅពីការយាងទតប្រាសាទបុរាណ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអមដំណើរព្រះអង្គម្ចាស់ក្សត្រី យាងទៅទតផ្ទាល់នៅសិប្បកម្មហត្ថកម្ម អាតទីសង់ដង់គរ (Artisan d’Angkor) ផងដែរ។ ព្រះអង្គម្ចាស់ក្សត្រី បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានសរសើរមិនដាច់ពីព្រះឱស្ឋចំពោះភាពប៉ិនប្រសប់ ផ្ចិតផ្ចង់ និងស្នាដៃដ៏រស់រវើករបស់សិប្បករខ្មែរ ក្នុងការផលិតវត្ថុអនុស្សាវីរិយ៍ធ្វើដោយដៃ ដែលឆ្លុះបញ្ចាំងពីដួងព្រលឹងសិល្បៈវប្បធម៌ទេសចរណ៍យ៉ាងពិតប្រាកដ។

ព្រះរាជដំណើរទស្សនកិច្ចពីសំណាក់ព្រះរាជវង្សានុវង្សនៃប្រទេសដាណឺម៉ាក ដែលជាដែនដីនៃបេតិកភណ្ឌពិភពលោកមួយដែរនោះ មិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់វប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងដាណឺម៉ាក ឱ្យកាន់តែរឹងមាំទ្វេឡើងនៅលើឆាកអន្តរជាតិ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)