ពត៌មាន
សិស្សកម្ពុជា ១៣ រូប ដណ្ដើមបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពានរង្វាន់ជាច្រើន ពីការប្រកួតលំដាប់ពិភពលោកនៅចក្រភពអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖ 29/06/2026 ~ 6 ម៉ោងមុន
•
វាពិតជាដំណឹងដ៏គួរឱ្យមោទនភាពបំផុត ដែលសិស្សានុសិស្សកម្ពុជាចំនួន ១៣ រូប បានបង្កើតសមិទ្ធផលដ៏ត្រចះត្រចង់នៅលើឆាកអន្តរជាតិ តាមរយៈការដណ្តើមបានមេដាយ និងពានរង្វាន់ជាច្រើនក្នុងកម្មវិធី «The Young Master Challenge Global Final 2026» ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Queen Mary នៃចក្រភពអង់គ្លេស។
ក្រោមការដឹកនាំក្រុមដោយ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា សិស្សកម្ពុជាបានបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លាប្រកួតប្រជែងជាមួយបេក្ខជនមកពី ៣៣ ប្រទេស ដោយទទួលបានជ័យលាភីលើវិញ្ញាសាប្រឡងផ្ទាល់ជាបុគ្គលចំនួន ៣ មេដាយមាស ៥ មេដាយប្រាក់ និង ៥ មេដាយសំរឹទ្ធ ព្រមទាំងវិញ្ញាសាប្រឡងជាក្រុមទទួលបានពានមាស ១ ពានប្រាក់ ១ និងពានសំរឹទ្ធ ១។ ជោគជ័យដ៏អស្ចារ្យនេះគឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និងសមត្ថភាពរបស់ធនធានមនុស្សវ័យក្មេងកម្ពុជា ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ៕










