ពត៌មាន
FM99
សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ
ចុះផ្សាយនៅថ្ងៃ៖ 07/07/2026
•
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវយល់ឃើញថា កំណាត់ផ្លូវជាតិលេខ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល និងជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាទារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានរំលឹកថា កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានបើកការដ្ឋានសាងសង់ឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតឯកអគ្គរដ្ឋទូតចិន។

ដោយឡែកថ្ងៃនេះ ផ្លូវនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ប៉ុន្តែសមិទ្ធផលនិងដំណើរការកសាងជាតិនៅតែបន្តទៅមុខឥតឈប់ឈរ ពោលគឺនៅក្នុងផែនការឆ្នាំ២០២៦-២០២៧ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍខ្សែផ្លូវជាច្រើនបន្ថែមទៀត។















