ពត៌មាន

FM99

នាយទាហានប្តូរវេនចំនួនពីររូបរបស់ប្រទេសវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចុះផ្សាយនៅថ្ងៃ៖​​ 09/07/2026

អត្ថបទដោយ៖ Palem Phay
នាយទាហានប្តូរវេនចំនួនពីររូបរបស់ប្រទេសវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសវៀតណាម ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូប (វរសេនីយ៍ឯកបម្រុង ភុង ថាញ់គ័ង PHUNG THANH QUANG និង វរសេនីយ៍ឯកបម្រុង លី ថាញ់តឹម LY THANH TAM ) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)