ពត៌មាន

ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងក្រសួងផែនការឆាប់ៗនេះ

ចុះផ្សាយនៅថ្ងៃ៖​​ 17/07/2026

អត្ថបទដោយ៖ You Sokneang
ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារនៅក្រសួងយុត្តិធម៌ និងក្រសួងផែនការឆាប់ៗនេះ

ដំណឹងល្អសម្រាប់បេក្ខជនដែលកំពុងស្វែងរកឱកាសការងារក្នុងក្របខ័ណ្ឌរដ្ឋ! គណៈកម្មការរៀបចំការប្រឡង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ «ក្រសួងយុត្តិធម៌» និង «ក្រសួងផែនការ» ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងការប្រឡងប្រជែងនេះផងដែរ មានមុខតំណែងខ្លះបេក្ខជនអាចទទួលបានប្រាក់បៀវត្សរហូតដល់ ៦លានរៀល នៅពេលប្រឡងជាប់ និងចូលទៅបម្រើការងារ។

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មការរៀបចំការប្រឡងនៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានរៀបចំកិច្ចប្រជុំជាមួយ តំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងផែនការ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការរៀបចំប្រឡងប្រជែងជ្រើសរើស៖
មន្រ្តីជំនាញច្បាប់ សម្រាប់ក្របខ័ណ្ឌក្រសួងយុត្តិធម៌ ចំនួន ១៥កន្លែង
មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ចំនួន ១៦កន្លែង
ដំណើរការកិច្ចប្រជុំនាពេលនេះ ជាការពិភាក្សាលម្អិតលើការរៀបចំដំណើរការជ្រើសរើសមន្រ្តីស្របតាមមុខតំណែងតម្រូវការ គុណវុឌ្ឍិ លក្ខខណ្ឌផ្សេងៗ ក៏ដូចជានីតិវិធីក្នុងការកំណត់ដំណាក់កាលប្រឡង វិញ្ញាសាប្រលង និងកាលបរិច្ឆេទប្រឡង ព្រមទាំងសេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីប្រឡងក្របខ័ណ្ឌទាំង២។

សូមត្រៀមខ្លួនឱ្យរួចរាល់! សម្រាប់សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះទទួលពាក្យប្រឡងផ្លូវការ នឹងមានផ្សាយជូនក្នុងពេលឆាប់ៗនេះ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)