ពត៌មាន
FM99
អាមេរិកទៅមើលមូលដ្ឋានសមុទ្ររាម ហើយចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ 17/08/2026
•
ជាមួយការធ្វើទស្សនកិច្ចជាថ្មីនៅមូលដ្ឋានសមុទ្ររាម សហរដ្ឋអាមេរិករំពឹងថា នឹងមានការចូលចតនាវាចម្បាំងអាមេរិក និងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ក្នុងគោលដៅបង្កើនទំនុកចិត្ត និងថែរក្សាសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

បន្ទាប់ពីកិច្ចពិភាក្សាផ្លូវការនៅមូលដ្ឋានសមុទ្ររាម ភាគីអាមេរិកបានបង្ហាញក្តីរំពឹងលើការជំរុញវត្តមាននាវាចម្បាំង និងការរឹតចំណងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយកម្ពុជា។

ការរំពឹងទុកជាថ្មីនេះ បានស្តែងឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្គ្រាមអាមេរិក លោក John Noh និងជំនួយការរងរដ្ឋលេខាធិការ លោក Rafael Leonardo បានចុះពិនិត្យទីតាំងផ្ទាល់ និងជួបពិភាក្សាការងារជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម អំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងសង្គ្រាមអាមេរិកមកកាន់កម្ពុជា កាលពីថ្ងៃទី ១៤ សីហា។










