ពត៌មាន
FM99
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់និងរៀបចំមន្ទីរពិសោធន៍សុខភាពសត្វ
ចុះផ្សាយនៅថ្ងៃ៖ 19/08/2026
•
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនប៊ីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល។

តាមរយៈមូលនិធិជំនួយចិន (China-Aid) ប្រទេសចិន បានជួយគាំទ្រទៅលើការសាងសង់អាគារមន្ទីរពិសោធន៍សុខភាពសត្វ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗបម្រើដល់ការងារពិសោធន៍សុខភាពសត្វផងដែរ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលនូវបទបង្ហាញពីសមិទ្ធផល ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពបច្ចេកទេសនៃការប្រើប្រាស់ឧបករណ៍ទំនើបៗ ដែលសរបញ្ជាក់ពីសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពដែកថែប តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្ម និងការលើកកម្ពស់ការងារពិសោធន៍ស្រាវជ្រាវ៕













