ពត៌មាន
ក្រសួងការងារ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ១ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ចុះផ្សាយនៅថ្ងៃ៖ 20/02/2026 ~ 8 ម៉ោងមុន
•
ខេត្តកណ្ដាលដែលជាខេត្តព័ទ្ធជុំវិញរាជធានីភ្នំពេញនោះ មានឱកាសការងារជាង ១ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារសរុបចំនួន ១០,២០៤កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។
ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕










