ពត៌មាន
សន្និសីទពិភពលោកស្ដីពី “ការអភិវឌ្ឍការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦” នៅទីក្រុងធានជីន
ចុះផ្សាយនៅថ្ងៃ៖ 19/10/2026 ~ 17 ម៉ោងមុន
•
ទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមសន្និសីទពិភពលោកស្ដីពីការអភិវឌ្ឍការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងសុន្ទរកថាគន្លឹះក្រោមមូលបទ «ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ៖ រួមគ្នាទទួលយកការផ្លាស់ប្ដូរ រួមគ្នាកសាងស្ដង់ដា រួមគ្នាបង្កើតអនាគត» ឯកឧត្តមបណ្ឌិត អ៊ុង បូរាត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពីការផ្លាស់ប្ដូរបទពិសោធ និងការបណ្ដុះបណ្ដាលតាមបែបប្រពៃណី ទៅជាការកសាងប្រព័ន្ធអភិវឌ្ឍជំនាញដែលមានទំនាក់ទំនងគ្នា ដោយមានការចូលរួមពីរដ្ឋាភិបាល គ្រឹះស្ថានបណ្ដុះបណ្ដាល វិស័យឯកជន និងដៃគូអភិវឌ្ឍ។ ឯកឧត្តមបានលើកឡើងពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនបួន រួមមាន៖
១. ការធ្វើទំនើបកម្ម TVET តាមរយៈការបញ្ចូលជំនាញឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗក្នុងការបណ្ដុះបណ្ដាល
២. ការអភិវឌ្ឍជំនាញបៃតង និងជំនាញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
៣. ការពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថាន TVET និងវិស័យឯកជន ដើម្បីធានាថាកម្មវិធីបណ្ដុះបណ្ដាលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងជំរុញការរៀននៅកន្លែងការងារ
៤. ការលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត តាមរយៈការបង្កើនជំនាញ និងការអភិវឌ្ឍជំនាញថ្មីៗ ដើម្បីឱ្យកម្លាំងពលកម្មអាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនៃទីផ្សារការងារ។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាបានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (Memorandum of Understanding – MoU) រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលការចុះហត្ថលេខានេះបង្ហាញពីការបន្តពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរចំណេះដឹង បទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងគាំទ្រការអភិវឌ្ឍជំនាញ និងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ការចូលរួមក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី និងពិធីចុះ MoU នេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងគុណភាព TVET និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយផ្ដោតលើការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ការបង្កើតឱកាសការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕


















