ពត៌មាន

ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី (Dewey International University) ខេត្តបាត់ដំបង

ចុះផ្សាយនៅថ្ងៃ៖​​ 19/10/2026 ~ 13 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី (Dewey International University) ខេត្តបាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី» នៅខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនឌូវី អ៊ិនធើណេសិណល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិឌូវី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងនិស្សិតជ័យលាភីជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យអន្តរជាតិ ឌូវី ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាពិសេសចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តចក្ខុវិស័យអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងការកសាងមូលដ្ឋានគ្រឹះធនធានមនុស្សឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីដំណើរការវិវត្ត និងសមិទ្ធផលធំៗរបស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ដែលកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដឹកនាំប្រកបដោយថាមវន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកឡើងថា មានតែការបញ្ចប់សង្គ្រាម និងការថែរក្សាសុខសន្តិភាពពេញលេញប៉ុណ្ណោះ ទើបអាចបង្កើតឱកាសឱ្យមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងធនធានមនុស្សដូចសព្វថ្ងៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយតម្រូវឱ្យគ្រឹះស្ថានឧត្តមសិក្សារៀបចំកម្មវិធីសិក្សាឆ្លើយតបជាក់ស្តែងទៅនឹងតម្រូវការទីផ្សារការងារ រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសសំខាន់ៗដូចជា សន្តិសុខសាយប័រ (Cybersecurity), បញ្ញាសិប្បនិម្មិត (AI), និងវិស្វកម្មអគ្គិសនី ជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយពីកសិកម្មបែបប្រពៃណីទៅជា កសិកម្មទំនើប និងកសិករឆ្លាតវៃ សំដៅបង្កើនផលិតភាព និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងរហ័សនៃ AI និស្សិតត្រូវបណ្តុះស្មារតីនៃការសិក្សាពេញមួយជីវិត ដោយចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃប្រកបដោយការទទួលខុសត្រូវ និងទាញយកសក្តានុពលរបស់វាឱ្យអស់លទ្ធភាព ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើ AI ឬបោះបង់ចោលការគិតពិចារណា និងការវិភាគដោយខ្លួនឯងនោះឡើយ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបំពាក់បំប៉នសិស្ស-និស្សិតឱ្យទទួលបាននូវជំនាញសតវត្សរ៍ទី២១ ព្រមទាំងសមត្ថភាពវិភាគ និងត្រិះរិះពិចារណាស៊ីជម្រៅ (Critical Thinking)។ ដើម្បីសម្រេចបាននូវគោលដៅនេះ សាកលវិទ្យាល័យទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិធីសាស្ត្របង្រៀន និងរៀន ដោយតម្រូវឱ្យសាស្ត្រាចារ្យធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ និងប្តូរមកប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបសកម្មដែលជំរុញឱ្យនិស្សិតចេះស្វ័យសិក្សា និងស្រាវជ្រាវដោយខ្លួនឯង សំដៅពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានស្តង់ដាខ្ពស់៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)