ពត៌មាន
អ្នកស្រី Angelina Jolie បង្ហោះសារជាភាសាខ្មែរលើ Instagram ចែករំលែកការឈឺចាប់ និងការបារម្ភយ៉ាងជ្រាលជ្រៅចំពោះជនភៀសសឹកកម្ពុជាជិត ៣ម៉ឺននាក់
ចុះផ្សាយនៅថ្ងៃ៖ 24/07/2026 ~ 10 ម៉ោងមុន
•
តារាសម្ដែងហូលីវូដ និងជាសកម្មជនមនុស្សធម៌ដ៏ល្បីល្បាញ អ្នកស្រី Angelina Jolie បានបង្ហោះសារយ៉ាងរំជួលចិត្តនៅលើគណនី Instagram ផ្ទាល់ខ្លួន ដោយសម្តែងក្តីបារម្ភ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជាជិត ៣០,០០0 នាក់ ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពផ្លាស់ប្តូរទីលំនៅ (ជនភៀសខ្លួនក្នុងស្រុក) និងមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជាបានផ្ទុះឡើងកាលពីមួយឆ្នាំមុន។
អ្នកស្រីបានលើកឡើងថា ប្រទេសកម្ពុជាតែងតែជាទីកន្លែងដ៏មានអត្ថន័យ និងពិសេសបំផុតសម្រាប់រូបអ្នកស្រី និងគ្រួសារ ដោយសារកម្ពុជាគឺជាទឹកដីកំណើតរបស់ Maddox ដែលជាកូនប្រុសរបស់អ្នកស្រី។ លើសពីនេះ អ្នកស្រីបានចំណាយពេល និងខិតខំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារក្នុងស្រុក អស់រយៈពេលជាង ២០ ឆ្នាំមកហើយ លើគម្រោងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍។
ជាចុងក្រោយ តារាសម្ដែងរូបនេះបានគូសបញ្បញ្ជាក់ពីក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដោយអ្នកស្រីបានសរសេរសារជាភាសាខ្មែរផ្ទាល់នៅក្នុងការបង្ហោះនោះថា៖
«ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពេញដោយភាពកក់ក្តៅ និងរស់រាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។»












