ពត៌មាន
អ្នកនាំពាក្យនៃក្រសួងការងារ៖ ពលករ និងពលរដ្ឋជាង ២ពាន់នាក់ ចូលរួមនិងទទួលបានការងារ ក្នុងវេទិកាការងារនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង
ចុះផ្សាយនៅថ្ងៃ៖ 30/01/2026
•
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២ពាន់នាក់ បានចូលរួមនិងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏សូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមានបំណងស្វែងរកការងារធ្វើ សូមចូលរួមវេទិកាការងារនេះ ដើម្បីទទួលបានការងារធ្វើគ្រប់ៗគ្នា ឬទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕









