ពត៌មាន
ព្រះខ័នរាជ សង្ឃឹមកាន់តែខ្ពស់ ខណៈភ្នំពេញក្រោន កាន់តែខើចឱកាស ប្រជែងជើងឯកលីគកំពូលកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ 24/03/2026
•
ស្ថានភាពការប្រកួតប្រជែងជើងឯកលីគកំពូលកម្ពុជា (CPL) រដូវកាលឆ្នាំ២០២៥/២៦ គិតត្រឹមសប្ដាហ៍ទី២៦ ព្រះខ័នរាជស្វាយរៀង កំពុងមានប្រៀបខ្លាំង ក្នុងដំណើរឆ្ពោះទៅការពារតំណែងជើងឯក ខណៈភ្នំពេញក្រោន កំពុងជួបស្ថានភាពលំបាក ក្រោយបន្ដចាញ់ ធ្វើឲ្យពួកគេមានឱកាសកាន់តែតិចទៅៗ។
សម្រាប់លទ្ធផលការប្រកួតជុំទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើម្ចាស់ផ្ទះបឹងកេត ០-០ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ជំនួបដ៏តានតឹងនេះក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាពេញម៉ោង តែមិនមានក្រុមណា អាចទម្លាយរបាំងការពារគ្នាស្វែងរកគ្រាប់បាល់ឡើយ។
រីឯភ្នំពេញក្រោនវិញ កំពុងជួបស្ថានភាពលំបាក ដ្បិតពេលលេងវគ្គ Top-6 មិនស្គាល់ជ័យជម្នះឡើយ ក្រោយបន្ដចាញ់ក្រុមណាហ្គាវើលដ៏ ១-០។ ជំនួបដ៏តានតឹងនៅកីឡដ្ឋានកំពង់ស្ពឺនេះ ក្រុមទាំងពីរបានរក្សាដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដោយកីឡាករ Weyderson នៅនាទី៩០។











