ពត៌មាន
ទិដ្ឋភាពនៃការតាំងបង្ហាញស្នាដៃបច្ចេកវិទ្យារបស់សិស្សានុសិស្ស ជូនដល់មាតាបិតាឬអ្នកអាណាព្យាបាលសិស្ស នៅអនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប
ចុះផ្សាយនៅថ្ងៃ៖ 08/04/2026 ~ 3 ម៉ោងមុន
•
ក្នុងឱកាសនៃកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលសិក្សាប្រចាំឆមាសទី១ នៃឆ្នាំសិក្សានេះ អនុវិទ្យាល័យអរញ្ញរង្សី ដែលស្ថិតក្រោមកម្មវិធីសាលារៀនជំនាន់ថ្មី (NGS) បានរៀបចំនូវកម្មវិធីតាំងបង្ហាញស្នាដៃ និងសមិទ្ធផលបច្ចេកវិទ្យាដ៏គួរឱ្យស្ញប់ស្ញែងរបស់ប្អូនៗសិស្សានុសិស្ស ដែលមកពីក្លឹប Dariu Tech (ផ្នែក Robotics) និងក្រុមបង្កើតហ្គេមអប់រំ (GCC)។
សកម្មភាពតាំងបង្ហាញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសជូនដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ បានអញ្ជើញមកទស្សនាដោយផ្ទាល់នូវភាពវៃឆ្លាត និងសមត្ថភាពជាក់ស្តែង ដែលកូនៗរបស់ពួកគាត់បានខិតខំបង្កើតឡើង។
ទិដ្ឋភាពនេះមិនត្រឹមតែសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យនៃការបណ្តុះបំណិនសតវត្សរ៍ទី២១ របស់សាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវក្តីរំភើបរីករាយ ស្នាមញញឹម និងមោទនភាពយ៉ាងក្រៃលែងសម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សគ្រប់រូប ដែលបានឃើញកូនៗរបស់ខ្លួនកំពុងបោះជំហានយ៉ាងរឹងមាំ វិវឌ្ឍពីអ្នកប្រើប្រាស់ ទៅជាអ្នកបង្កើតនវានុវត្តន៍ឌីជីថលដ៏ពិតប្រាកដ៕














