ពត៌មាន
កម្មវិធីតន្ត្រីសប្បុរសធម៌ដើម្បីកុមារកម្ពុជា “Carnegie in Cambodia”
ចុះផ្សាយនៅថ្ងៃ៖ 08/04/2026 ~ 2 ម៉ោងមុន
•
កម្មវិធីតន្ត្រីសប្បុរសធម៌ “Carnegie in Cambodia” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានអង្គទូត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីកៀរគរថវិកាជួយដល់សាលារៀនក្នុងខេត្តព្រៃវែង និងអង្គការដៃគូ ក្នុងគោលដៅលើកកម្ពស់ឱកាសអប់រំសម្រាប់កុមារកម្ពុជា។
ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ មានការសម្តែងតន្ត្រីបុរាណពីសំណាក់កំពូលអ្នកលេងព្យាណូកម្រិតពិភពលោក Julian Gargiulo – Pianist With The Hair រួមជាមួយការចូលរួមសម្តែងពី ព្រះនាង នរោត្តម ចេណ្ណា ផងដែរ។ ទន្ទឹមនឹងការប្រគំតន្ត្រី កម្មវិធីក៏បានដាក់តាំងបង្ហាញនូវពិព័រណ៍វត្ថុបុរាណខ្មែរ “ពិធី – វត្ថុសក្ការៈ” ដើម្បីបង្ហាញពីមរតកវប្បធម៌ជាតិ។ ថវិកាដែលទទួលបានទាំងអស់នឹងត្រូវបរិច្ចាគជូនសាលាមិត្តភាពកម្ពុជា-ជប៉ុន (Cambodia Japan Friendship School) និងអង្គការ IL NODO ដើម្បីបន្តបេសកកម្មគាំទ្រវិស័យអប់រំកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

















