ពត៌មាន

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំការប្រកួតផលិតវីដេអូអប់រំខ្លី ក្រោមប្រធានបទ «ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» នៅតាមគ្រឹះស្ថានសិក្សា

ចុះផ្សាយនៅថ្ងៃ៖​​ 16/06/2026

អត្ថបទដោយ៖ You Sokneang
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំការប្រកួតផលិតវីដេអូអប់រំខ្លី ក្រោមប្រធានបទ «ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» នៅតាមគ្រឹះស្ថានសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លី ក្រោមប្រធានបទ «ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង បញ្ជ្រាបចំណេះដឹងពីហានិភ័យ និងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។ ការប្រកួតនេះបើកទូលាយសម្រាប់សិស្ស និងនិស្សិតដែលកំពុងសិក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សា និងឧត្តមសិក្សា ដោយតម្រូវឱ្យផលិតវីដេអូដែលមានរយៈពេលចាប់ពី ៩០វិនាទី ដល់ ១៨០វិនាទី ផ្ដោតលើខ្លឹមសារសំខាន់ៗចំនួនបី រួមមាន ហានិភ័យបង្កដោយការសេពគ្រឿងស្រវឹង មូលហេតុនាំឱ្យសេព និងវិធានការបង្ការការសេពគ្រឿងស្រវឹង។

តាមរយៈលិខិតណែនាំផ្លូវការដែលចុះហត្ថលេខាដោយ បណ្ឌិតសភាចារ្យ គីម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា វីដេអូជ័យលាភីនឹងត្រូវជ្រើសរើសផ្អែកលើការគោរពតាមលក្ខខណ្ឌបច្ចេកទេស និងចំនួនអ្នកចូលទស្សនា (Views) ច្រើនជាងគេនៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួង។ ចំពោះរង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនជ័យលាភី រួមមាន៖ ជ័យលាភីលេខ១ ទទួលបានថវិកា ៣,២០០,០០០ រៀល, លេខ២ ទទួលបាន ២,៤០០,០០០ រៀល, លេខ៣ ទទួលបាន ១,៦០០,០០០ រៀល ព្រមទាំងរង្វាន់លើកទឹកចិត្តបន្ថែមចំនួន ៤ រង្វាន់ទៀត ដោយក្នុងម្នាក់ៗទទួលបាន ៤០០,០០០ រៀល រួមជាមួយវិញ្ញាបនបត្របញ្ជាក់ជ័យលាភីពីក្រសួង។ អាស្រ័យហេតុនេះ ក្រសួងអប់រំបានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ និងជំរុញឱ្យសិស្សានុសិស្សចូលរួមចុះឈ្មោះប្រកួតប្រជែងឱ្យបានកុះករ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ដាច់ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)